info@sabay.com

ឃើញ​អនាគត​ប៉ា​ម៉ាក់​ក្មេក​វ៉ៃ​គ្នា ខ្ញុំ​ត្រូវ​ផ្ដាច់​ពាក្យ​ទាំង​ចិត្ត​នៅ​អាល័យ តើ​ត្រូវ​ឬ​ខុស?

  • 2018-01-29 19:24:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ដាយ​ខ្ញុំ​ថា​ខ្ញុំ​សំណាង​ហើយ​ដែល​ប្រទះ​ឃើញ​អនាគត​ឪពុក​ម្ដាយ​ក្មេក​វ៉ៃ​គ្នា​ចំពោះ​មុខ ព្រោះ​នៅ​អាច​ដក​ខ្លួន​ទាន់​ពេល បើ​មិន​ដូច​នោះ​ទេ គឺ​ស្ដាយ​ក្រោយ​មួយ​ជីវិត​ហើយ។

ខ្ញុំ និង​គាត់​ស្គាល់​គ្នា​បាន​៤​ឆ្នាំ ហើយ​កំពុង​គិត​ដល់​រឿង​រៀបការ។ ប៉ាម៉ាក់​គាត់​បាន​ចូល​ស្ដី ឲ្យ​ពួក​ខ្ញុំ​បាន​ស្គាល់​គ្នា។ ដោយ​សារ​តែ​ផ្ទះ​នៅ​ឆ្ងាយ​ពី​គ្នា ទើប​ខ្ញុំ​ក៏​សូវ​ស្គាល់​ពី​ស្ថានភាព​គ្រួសារ​ខាង​គាត់​ដែរ គ្រាន់​តែ​ឮ​គាត់​ប្រាប់​ថា ប៉ា​គាត់​​ធ្លាប់​មាន​ប្រពន្ធ​២ គាត់​គឺ​ជា​កូន​ប្រពន្ធ​ក្រោយ។ មុន​គាត់ នៅ​មាន​បង​ប្រុស​២​នាក់​ទៀត។

ខ្ញុំ​បាន​ទៅ​លេង​ខាង​គាត់​ពីរ បី​ដង​ដែរ។ ពេល​ណា​ទៅ​ក៏​ខាង​គាត់​ទទួល​ខ្ញុំ​រាក់ទាក់​ខ្លាំង​ណាស់។ នៅ​ពេល​មក​លេង​ខាង​ខ្ញុំ ប៉ាម៉ាក់​គាត់​ក៏​បាន​អញ្ជើញ​ខាង​ខ្ញុំ ទៅ​លេង​ខាង​គាត់​ម្ដង។ ដោយ​ខ្លាច​អ​សទ្ធា ប៉ាម៉ាក់​ខ្ញុំ​ក៏​ព្រម​ទៅ​លេង​ម្ដង។

នៅ​ថ្ងៃ​នោះ នៅ​ពេល​គ្រួសារ​ខ្ញុំ​មក​ដល់ បាយ​ទឹក​បាន​ត្រៀម​រួច​រាល់​អស់​ទៅ​ហើយ។ នៅ​ពេល​បាយ បរិយាកាស​ក៏​ល្អ​ណាស់​ដែរ ដោយ​អ្នក​ទាំង​អស់​គ្នា និយាយ​គ្នា​យ៉ាង​អឺង​កង។ យ៉ាងណាក្ដី បរិយាកាស​ត្រូវ​បាន​ប្រែប្រួល​នៅ​ពេល​ម៉ាក់​គាត់​ចេញ​និយាយ​គ្នា​ជាមួយ​ស្ត្រី​ម្នាក់។

ក្រោយ​មក​បន្តិច អ្នក​ទាំង​២​បាន​ឈ្លោះ​ប្រកែក​គ្នា។ បើ​តាម​ការ​ស្ដាប់ ហាក់​ដូច​ម្ដាយ​គាត់ ជំពាក់​លុយ​ស្ត្រី​នោះ។ ប៉ា​បង​ពេល​ឮ​ដូច​នោះ ក៏​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង។ នៅ​ពេល​ម្ដាយ​គាត់ ត្រលប់​មក​តុ​បាយ​វិញ ក៏​ត្រូវ​ប៉ា​គាត់​ទះ​មួយ​កំផ្លៀង​ពេញ​មួយ​ទំហឹង។

មិន​ព្រម​ចុះ​ញ៉ម ម្ដាយ​គាត់​ក៏​លើក​ឆ្នាំ​ស៊ុប​ជះ​ទៅ​លើ​ខ្លួន​ប៉ា​គាត់​វិញ​ដែរ។ សំណាង​ល្អ គាត់​គេច​ទាន់។ អ្វី​ៗ​គ្រប់​យ៉ាង​នៅ​ពេល​នោះ ស្រាប់​តែ​ជ្រួល​ច្របល់​តែ​ម្ដង ចាន​ក្បាន​ហោះ​ពេញ​ផ្ទះ។ ពេល​ឃើញ​សភាព​បែប​នេះ ប៉ា​ខ្ញុំ​បាន​អូស​ម៉ាក់​កូន​ខ្ញុំ​ទៅ​ផ្ទះ​វិញ។

តាម​ផ្លូវ​ទៅ​ផ្ទះ ប៉ាម៉ាក់​ខ្ញុំ​គ្មាន​មាត់​មួយ​ម៉ាត់។ គ្រាន់​តែ​មក​ដល់​ផ្ទះ​ភ្លាម ម៉ាក់​ខ្ញុំ​បាន​បោះ​សំដី​ថា៖ "គ្មាន​ការ​គ្មាន​ស្អី​ទាំង​អស់"។ ខ្ញុំ​និយាយ​អី​មិន​ចេញ បាន​ត្រឹម​តែ​ស្ងាត់។

ប៉ុន្មាន​ថ្ងៃ​ក្រោយ បង​បាន​មក​រក​ខ្ញុំ ហើយ​ប្រាប់​ថា​ប៉ាម៉ាក់​គាត់​កំពុង​នៅ​ក្នុង​ពេទ្យ​ដោយ​សារ​តែ​របួស​រៀង​ខ្លួន។ គាត់​ថា​តាំង​ពី​តូច​មក​គឺ​ស៊ាំ​នឹង​អំពើ​ហិង្សា​បែប​នេះ​ទៅ​ហើយ។ ហើយ​ប្រាប់​ខ្ញុំ​ថា កុំ​ឲ្យ​ភ័យ​ព្រោះ​ការ​ហើយ នឹង​រើ​ចេញ​នៅ​ក្រៅ​តែ​២​នាក់។ តែ​ប៉ាម៉ាក់​ខ្ញុំ​បាន​ផ្ដាំ​យ៉ាង​ដាច់​អហង្ការ​ថា​លែង​ឲ្យ​ខ្ញុំ​ទាក់ទង​នឹង​គាត់​ទៀត​ហើយ។

ខ្ញុំ​នៅ​ស្រលាញ់​គាត់ តែ​មិន​ហ៊ាន​ធ្វើ​កូនប្រសា​ក្នុង​ផ្ទះ​គាត់​ឡើយ ខ្លាច​ក្រែង​តែ​ថ្ងៃ​ណាមួយ​គ្មាន​ជីវិត​មក​ផ្ទះ​វិញ។ បន្ថែម​ពី​លើ​នេះ តាម​ការ​ស៊ើប​សួរ ប៉ាម៉ាក់​គាត់​ជា​មនុស្ស​ខ្ជិល មិន​សូវ​ប្រសប់​ធ្វើការ តែ​ពូកែ​ដើរ​ខ្ចី​លុយ​គេ​មក​ចាយ។

ម៉ាក់​ខ្ញុំ​​ប្រាប់​ថា ខ្ញុំ​សំណាង​ហើយ​ដែល​ឃើញ​ពួក​គេ​វ៉ៃ​គ្នា​នៅ​ចំពោះ​មុខ បើ​មិន​ដូច​នោះ​ទេ អាច​ស្ដាយ​ក្រោយ​មួយ​ជីវិត​ក៏​ថា​បាន។ បើ​ទោះ​បី​ជា​ចិត្ត​នៅ​ស្រលាញ់​គាត់​ខ្លាំង តែ​ខ្ញុំ​បាន​បង្ខំ​ចិត្ត​សង​ចិញ្ចៀន​ភ្ជាប់​ពាក្យ​ឲ្យ​គាត់​វិញ​ហើយ។ តើ​ជម្រើស​នេះ​ត្រឹមត្រូវ​ឬ​ទេ បើ​គូ​ដណ្ដឹង​ខ្ញុំ​ក៏​ជា​ជន​រងគ្រោះ​ដែរ​នោះ?

ប្រភព៖ kanha   ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម
អត្ថបទថ្មី